ព័ត៌មានជាតិ

ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានទទួលគ្រឿង ឧបភោគបរិភោគ និងសម្ភារៈបរិក្ខា ប្រឆាំងកូវីដ-១៩ ដែលជាអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៍កម្ពុជា

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក សុខ លូ ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញទទួល គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៍កម្ពុជា ។

លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។

លោក ហ៊ុត កុសល តំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ ក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៍កម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក ហ៊ុន ម៉ាណែត និងលោកស្រី នាំយកនូវអំណោយរួមមាន ៖
អង្ករចំនួន៥តោន មីចំនួន ២៥០កេស ត្រីខចំនួន២៥០យួរ Covid-19 Test Kits ចំនួន ១,៥០០ និងថវិកាចំនួន១០លានរៀល ប្រគល់ជូនលោកប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ។

ក្នុងនាមតំណាងឲ្យសប្បុរសជន មកពីមូលនិធិដាយមិនស៍កម្ពុជា លោក ហ៊ុត កុសល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ប្រធានក្រុមការងារ យុវជនគណបក្ស ខេត្តបាត់ដំបង និងក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ ចំណាត់លេខ២ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩បានជោគជ័យ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

To Top