នយោបាយ

សម្ដេច ស ខេង ៖ ដំណើរការបោះ ប្រព្រឹត្តដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ គ្មានហិង្សា (Video)

ភ្នំពេញ ៖ សម្តេច ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងព្រៃវែង បានឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា នេះក៏បង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ ឲ្យឃើញភាពកាន់តែចាស់ទុំ ព្រមទាំងភាពម្ចាស់ការផងដែរ ។

យោងតាមលិខិតសរសើរ និងថ្លែងអំណរគុណរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង និងបាត់ដំបង បានខិតខំយកអស់ កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេសការដណ្តើម បានជោគជ័យជាទីពេញចិត្ត ជូនគណបក្សប្រជាជនកម្ពុជា។

សម្ដេចបន្ដថា ជ័យជម្នះដ៏គួរឲ្យកោតសរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំសមាជិក សមាជិកា និងសកម្មជនគណបក្ស ដែលបានលះបង់ពេលវេលា និងធនធានចូលរួមគាំទ្រ ដល់បុព្វហេតុរបស់គណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សតែងនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។

សម្ដេច ស ខេង បញ្ជាក់ថា «ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ខណៈអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់៕

To Top