ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផល កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ ដោយបានការ អនុញ្ញាតពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញ ដឹកនាំ និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) សរុបចំនួន ១១កិច្ចប្រជុំ ចាប់ពីថ្ងៃទី ១៩-២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ កក្កដា នេះ បាន ឱ្យ ដឹង ថា តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់ ព្រមទាំងការចែករំលែក បច្ចុប្បន្នភាព អំពីនិន្នាការ នៃឧក្រិដ្ឋកម្មឆ្លងដែន ក្នុងតំបន់ មន្ត្រីជាន់ខ្ពស់ នៃរដ្ឋសមាជិកអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ស្ថាប័នអនុវត្តច្បាប់ នៃបណ្តារដ្ឋសមាជិកអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ទោះបីស្ថិតក្នុងស្ថានភាពប្រឈម ដ៏ស្មុគស្មាញនៃវិបត្តិជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបូកបី ខាងលើនេះ ក្រុមការងារ SOMTC-កម្ពុជា ក៏បានធ្វើ ជាម្ចាស់ផ្ទះរៀបចំ និងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បូកជាមួយប្រទេសដៃគូសន្ទនាដទៃទៀត (SOMTC + Dialogue Partner Consultation) រួមមាន៖ កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក នូវែលសេឡង់ និង អូស្ត្រាលី ៕

To Top