ព័ត៌មានជាតិ

សម្ដេចតេជោ លើកទឹកចិត្តឲ្យ មានការសិក្សាបញ្ចប់ លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឲ្យ មានការសិក្សាបញ្ចប់ លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង កម្ពុជា-ឥណ្ឌា និងកិច្ចសន្យាគាំពារវិនិយោគ ។

ជាមួយគ្នានេះ សម្ដេចក៏បានស្នើ ដល់ភាគីឥណ្ឌា ជំរុញឲ្យមានការហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ និងស្នើឲ្យមានការពិចារណា ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការមេគង្គ គង្គា ឲ្យដល់កំរិតកំពូល។

ការលើកទឹកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែបនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២។

លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ជូនចំពោះសម្ដេចតេជោ និងបានជម្រាបជូនសម្ដេចតេជោថា ការចូលរួមប្រជុំរបស់លោក នៅកម្ពុជា គឺទទួលបានជោគជ័យ បានទ្វេភាគី និងក្របខណ្ឌពហុភាគី ក្នុងន័យនេះ លោកសូមគោរពនូវ ការអបអរសាទរ ចំពោះជោគជ័យ របស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ាន។

លោកមានប្រសាសន៍ ជំរាបជូនសម្តេចតេជោ ពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មារ ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា និងសហប្រតិបតិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះគោលបំណង នៃការពង្រីកកិច្ចសហប្រតិបត្តិការ ដែលបានលើកឡើងដោយ លោករដ្ឋមន្រ្តី។

សម្តេចតេជោ បានលើកទឹកចិត្តឲ្យ មានការសិក្សាបញ្ចប់ លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរផង និងកិច្ចសន្យាគាំពារវិនិយោគផង ៕

To Top