ព័ត៌មានជាតិ

ឥណ្ឌា មានបំណងតភ្ជាប់ផ្លូវ មកកាន់កម្ពុជាដោយឆ្លងកាត់ មីយ៉ាន់ម៉ា និងថៃ (Video)

ភ្នំពេញ៖ លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានឱ្យដឹងថា ប្រទេសខ្លួនមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា ។

ការឱ្យដឹងនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសលោករដ្ឋមន្រ្តីការបរទេសឥណ្ឌារូប នេះអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក Subrahmanyam Jaishankar ក៏បានប្រាប់ពីបំណង ពង្រឹងនិងពង្រីក ក្នុងសហប្រតិបតិការ ក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះគោលបំណង នៃការពង្រីកកិច្ចសហប្រតិបត្តិការ ដែលបានលើកឡើងដោយ លោករដ្ឋមន្រ្តី៕

To Top