ព័ត៌មានជាតិ

ឧកញ៉ា តែ តាំងប៉ ស្នើដល់ពលរដ្ឋ ដែលមានអាជីវកម្មផ្ទាល់ខ្លួន រាល់ការកម្ចីប្រាក់ពីធនាគារ ត្រូវប្រើឲ្យចំគោលដៅ ទើបគ្មានហានិភ័យទៅក្រោយ

ស្វាយរៀង៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែង ស្នើដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានអាជីវកម្មដៃ រាល់ការកម្ចីប្រាក់ពីធនាគារ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ និងមានសមិទ្ធផល និងប្រាក់ចំណេញមកវិញ ទើបយើងគ្មានហានិភ័យទៅថ្ងៃក្រោយ។

ការថ្លែងបែបនេះរបស់លោកឧកញ៉ា តែ តាំងប៉ បានធ្វើឡើងនៅក្នុងកម្មវិធី សិក្ខាសាលាស្តីពីការកសាងអាជីវកម្ម ប្រកបដោយភាពជោគជ័យ នាសាលប្រជុំសណ្ឋាគារទន្លេវៃគោ នាព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២២ ដោយមានការចូលរួម ពីលោក លោកស្រីជាប្រធានមន្ទីរក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកបានបន្ថែមថា ពលរដ្ឋត្រូវកាត់បន្ថយការនាំចូល ផលិតផលពីប្រទេសជិតខាង ហើយគាំទ្រនិងជំរុញសិប្បកម្មក្នុងស្រុកវិញ ដើម្បីឲ្យសហគ្រាសក្នុងស្រុក មានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេស បង្កើតការងារជូនពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

លោកឧកញ៉ាក៏បានបន្ថែមថា គោលបំណងនៅក្នុងសិក្ខាសាលា ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនេះ គឺដើម្បីគឺចង់ឲ្យសហគ្រាស ធុនតូចមធ្យមរបស់យើង ជាពិសេសផ្នែកកម្មន្តសាល អ្នកផលិតឲ្យបានយល់ដឹងអំពី នីតិវិធីរដ្ឋាភិបាលដោយមានមន្ត្រីពន្ធដារ គយនិងសវនកម្មចូលរួម ធ្វើបទបង្ហាញឲ្យបានយល់ដឹង ពាក់ព័ន្ធទៅនឹងពន្ធដារ និងសវនកម្ម គយ ជាដើម។

លោកបានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា សូមស្នើដល់រដ្ឋបាលខេត្តរាជធានីទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀងសូមឲ្យ បង្កើតតំបន់ឧស្សាហកម្មមួយ ឲ្យអ្នកផលិតបានចូលទៅក្នុងតំបន់ និងងាយស្រួលក្នុងការប្រមូលផ្ដុំ ដើម្បីឲ្យរាជរដ្ឋាភិបាលលើកទឹកចិត្ក ក្នុងគោលនយោបាយឆ្នាំ២០១៥, ២០២៥ ក្នុងការកែច្នៃផលិតផលកសិកម្ម ឲ្យក្លាយទៅជាផលិតផល ចំណីអាហារដើម្បីឱ្យអ្នក ផលិត ក្នុងស្រុកមានប្រាក់ចំណេញបន្ថែម បើយើងមិនធ្វើអញ្ចឹងទេ យើងគិតតែនាំចូលពីក្រៅ អត់មានអ្វីជួយដល់សហគ្រាសធុនតូច និងមធ្យមនោះទេ។ ដូច្នេះសូមស្នើដល់អភិបាលខេត្តស្វាយរៀង ដើម្បីរកដីមួយកន្លែង ដើម្បីបង្កើតឲ្យមានសិប្បកម្មក្នុងស្រុក ដែលវាអាចជួយដល់អ្នកផលិតបានច្រើន។

លោកបានបន្ថែមថា សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជាច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងមន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សា ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់និងអភិវឌ្ឍអាជីវកម្ម របស់ពួកគាត់។ ដោយមានសហការ ជាមួយធនាគារព្រីនស៍ ក្រុមហ៊ុនមិត្តហ្វូន និងអង្គការតម្លាភាពកម្ពុជា។

លោកបានបន្តថា សិក្ខាសាលានេះក៏មានគោលបំណង ដើម្បីជួយជំរុញគាំទ្រដល់ការ រីកចម្រើនរបស់សហគ្រាស ធុនតូចនិងមធ្យម ដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិនិងធនាគារដៃគូ របស់សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ សិក្ខាសាលានេះបានធ្វើរួចហើយចំនួន ២២ខេត្តនឹងបន្តធ្វើឱ្យគ្រប់ ២៥ រាជធានីខេត្ត ដើម្បីជួយឲ្យសហគ្រាសធុនតូចនិងមធ្យមទាំងអស់ ទទួលបានថវិកាសម្រាប់អភិវឌ្ឍ សហគ្រាសរបស់ខ្លួនផងដែរ។

លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់លោកឧកញ៉ា ប្រធានសម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ដែលបានសហការជាមួយ មន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត រៀបចំកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីជាប្រយោជន៍ដល់ម្ចាស់សហគ្រាស ធុនតូចនិងមធ្យមនៅក្នុងខេត្តស្វាយរៀងទាំងមូល។

លោកបានបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀងមាន សហគ្រាសធុនតូចនិងមធ្យមជាច្រើន ដែលកំពុងត្រូវការចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែង បន្ថែមទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថ ដើម្បីទ្រទ្រង់និងអភិវឌ្ឍអាជីវកម្ម របស់ពួកគាត់ឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តស្វាយរៀង បានបានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជា មានសារៈសំខាន់ណាស់ ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យមទាំងអស់ នឹងបានលើកទឹកចិត្តឱ្យមាន ការយល់ដឹងលើការរៀបចំខ្លួន ឱ្យបានសមស្របនិងនីតិវិធី ក្នុងការទទួលបានហិរញ្ញប្បទាន ពីធនាគារជាពិសេសកម្ចី ពីធនាគារដៃគូរបស់សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងនាម លោកអភិបាលខេត្ត និងក្នុងនាមលោកផ្ទាល់ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដែលមានវត្តមានក្នុងអង្គសិក្ខាសាលានេះ នឹងទទួលបានចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងអាជីវកម្មឱ្យ កាន់តែរីកចម្រើនបន្ថែមទៀត៕

To Top