ព័ត៌មានជាតិ

ទូតថៃ សង្ឃឹមថា ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ថៃ នឹងកើនឡើង បន្ទាប់ពីកូវីដ បានធូរស្បើយ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ ព្រមទាំងបើកច្រកព្រំដែនឡើងវិញផងដែរ។

លោកឯកអគ្គរាជទូតគូសបញ្ជាក់ថា «បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ សង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ»។

លើសពីនេះ លោកឯកអគ្គរាជទូត ក៏សង្ឃឹមទៀតថា តាមរយៈបេសកកម្មការទូតរបស់លោក នឹងខិតខំ អនុវត្តឲ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការ ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

នាឱកាសនោះ សម្តេច សាយ ឈុំ មានជំនឿថា តាមរយៈបេសកកម្មការទូត របស់លោកនៅកម្ពុជា នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រធានព្រឹទ្ធសភា ក៏ត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ លោកឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែល្អប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរ ។

បើតាមរបាយការណ៍ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ គឺទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបាន ជាង៩ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ មានការកើនឡើងជាង ២៦% បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ សម្រេចបានទឹកប្រាក់ជាង១ពាន់លានដុល្លារ បានកើនឡើងជាង ២៧% ខណៈការនាំចូលពីថៃ សម្រេចបានទឹកប្រាក់ជាង៨ពាន់លានដុល្លារកើនឡើងជិត ២៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

To Top