ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ ចំពោះអ្នកមានគម្រោងដុតប្រទេស

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ ចំពោះអ្នកមានគម្រោងធ្វើបាតុកម្ម ឬដុតប្រទេស ខណៈរាជរដ្ឋាភិបាលមិនធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ចំពោះតំបន់អភិវឌ្ឍកិច្ចសហប្រតិបត្តិការ CLV។

ថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ក្នុងគោលដៅទាញស្ថានភាព កម្ពុជាឲ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

ក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់ នៅថ្ងៃទី១៥ សីហា សម្ដេចធិបតីអំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ត្រូវប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឲ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវសារជាថ្មី ជូនទៅដល់បងប្អូនដែលព្រួយបារម្មពីប្រទេសជាតិរបស់ខ្ញុំយើង ទាំងអ្នកគាំទ្រ ទាំងអ្នកមិនគាំទ្រ ទៅលើកិច្ចសហប្រតិបត្តិការណ៍នេះ (CLV) សូមបញ្ចេញមតិ ដោយសីលធម៌ បញ្ចេញមតិហើយកុំណាត់គ្នា ទៅវៃគ្នា កាប់ចាក់គ្នានៅលើដី»។

សម្ដេចធិបតីបន្ដថា «ហើយរាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ចំពោះអ្នកដុតប្រទេស អ្នកបំផុសលើអ្វីលើសច្បាប់ យើងមិនឲ្យប្រជាពលរដ្ឋ២លាននាក់ជាង នៅភ្នំពេញ និងនៅប្រទេសយើង និងអ្នកគាំទ្រច្រើនលើសលប់ ទាំងអ្នកគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការ និងមិនគាំទ្រ ព្រួយបារម្ភពីជាតិ ដោយស្មោះ មិនខកចិត្តនោះទេ។ គឺយើងមិនអាចឲ្យផែនការរបស់មនុស្សមួយចំនួនតូច អាចធ្វើទៅបានដើម្បីញុះញង់ បំបែកបំបាក់ជាតិនោះទេ»។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្មនៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

តំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំងបីមានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕

To Top