ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុក ឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ។




សម្តេចលេីកទឹកចិត្តបែបនេះ ក្នុងជំនួបជាមួយ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់សមាគម ក៏ដូចជាការចូលរួមចំណែករបស់សមាគម ក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។

សម្ដេចធិបតី ក៏បានគាំទ្រគំនិតផ្តួចផ្តើមនៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ ដង ក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន និង បានណែនាំឱ្យសមាគមបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែម លើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាពនៃការបង្កើតវិទ្យាស្ថាននេះ។

ជាមួយគ្នានេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសមាគមជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស កសាងទំនុកចិត្ត និងការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

ក្នុងឱកាសនេះដែរ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពអបអរសាទរសមិទ្ធផល របស់រាជរដ្ឋាភិបាល ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់សមាគម ដែលមានដូចជា៖ ការប្រមូលផ្ដុំចងក្រងសមាជិកសមាគម, ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសនានា និងការរៀបចំពិពរណ៍គ្រឿងអលង្ការប្រចាំឆ្នាំ៕
