ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួម ពិធីបើកការប្រកួតជើងឯក សិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធី បើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ការប្រកួតនេះ ក្រោមកិច្ចសហការ រវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន ។

កម្មវិធីនេះក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរជាតិ អាវុធគីមី នៃក្រសួងការពារជាតិ និងលោក នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ច សហប្រតិបត្តិការឧស្សាហកម្ម RCEP លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញថ្លែងសុន្ទរកថា បើកកម្មវិធីនេះ ដោយចាត់ទុកថា កម្មវិធីការប្រកួត ជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិននៅថ្ងៃនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈហត្ថកម្មកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏សំខាន់មួយក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មរវាងប្រទេសទាំងពីរ ។ ប្រទេសកម្ពុជា មានវប្បធម៌កាហ្វេ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃ ដោយសារកាហ្វេត្រូវបានបញ្ចូលទៅក្នុងចង្វាក់នៃទីក្រុង និងសហគមន៍របស់ខ្លួនបែបធម្មជាតិ។

ចំណែកប្រទេសចិន ដោយមានខេត្តយូណាន ជាតំបន់ផលិតកម្មកាហ្វេចម្បងគេ លក្ខខណ្ឌធម្មជាតិអំណោយផល និងការកែលម្អគុណភាពជាបន្តបន្ទាប់ បាននាំឱ្យមានការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មកាហ្វេដ៏ទូលំទូលាយ ចាប់ពីការដាំដុះ និងការផលិតកែច្នៃ រហូតដល់ការដាក់ស្លាកសញ្ញា និងការទទួលទាន។ កម្មវិធីប្រកួតនេះ មិនត្រឹមតែជួយលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញ កាហ្វេពីភេសជ្ជៈប្រចាំថ្ងៃឆ្ពោះទៅរកទម្រង់ ដែលបង្កប់ទាំងការបង្ហាញពីវប្បធម៌ និងតម្លៃរបស់ឧស្សាហកម្មផង ដែរ។

បន្ទាប់ពីការថ្លែងបើកកម្មវិធីប្រកួត ជើងឯកសិល្បៈឡាតេអាតរួចមកគឺ មានពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដែលបង្ហាញពីជំហានដ៏សំខាន់មួយ ឆ្ពោះទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នៅក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម កាហ្វេ ការអប់រំ និងនវានុវត្តន៍ ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន ភូអ៊ែរ អាស៊ីខាងត្បូង បច្ចេកវិទ្យា នវានុវត្តន៍ ផាក វិនិយោគ និងអភិវឌ្ឍន៍ និង CICC-YDD,ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលសេវាកម្មបុគ្គលិកផ្នែកឆុងកាហ្វេ Puer និង CICC- YDD,ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង One Park និង CICC-YDD។
នៅពេលរសៀលមានការបង្ហាញ ជូនពីទេពកោសល្យ ជំនាញ និងការច្នៃប្រឌិត នៅក្នុងការប្រកួតជើងឯក សិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ។ ការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកលើកទី១ (1st Championships Latte Art ) មានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន ។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើល ឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឲ្យកម្ពុជាក្លាយជាប្រទេសដំបូងគេ ក្នុងតំបន់បានទទួលជោគជ័យ ក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕

To Top