ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ចិន ជាដៃគូពាណិជ្ជកម្ម របស់អាស៊ានធំជាងគេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយ របស់អាស៊ាន ខណៈ​កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មានចំនួនប្រមាណ ៦៦៩ពាន់លានដុល្លារ កើនឡើងចំនួន ២៨ភាគរយ ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍដោយចីរកាលរបស់ចិន បានចូលរួមវិភាគទានដ៏សំខាន់ ក្នុងការលើកកម្ពស់វិបុលភាពរួម ទាំងក្នុងតំបន់ និងទាំងសាកលលោកផងដែរ ។

ប្រធានអាស៊ានឆ្នាំ២០២២ បានបន្តថា ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ការជួយគ្នា និងការរៀនសូត្រពីគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ ជាមួយនឹងលទ្ធផលបានជាផ្លែផ្កា និងភាពជោគជ័យដ៏រឹងមាំ នៅក្នុងរយៈពេល ៣ទសវត្សកន្លងទៅ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អាស៊ានសូមវាយតម្លៃខ្ពស់ នៃការប្ដេជ្ញាចិន និងការអនុវត្តភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ រួមទាំងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៥០លានដូស ដល់អាស៊ាន ។ ការអនុវត្តគំនិតផ្ដួចផ្ដើម ខែលការពារាសុខភាពអាស៊ាន-ចិន និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ជាដើម។

សម្ដេចតេជោ បានបន្ថែម​ថា សម្ដេចមានសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការ ដែលបាននឹងកំពុងបើកទំព័រថ្មីមួយ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន-ចិន ឲ្យកាន់តែមានសក្ដានុពល ប្រកបដោយថាមពលបន្ថែមទៀត ខណៈអាស៊ានកំពុងកសាងសហគមន៍ របស់ខ្លួនឲ្យកាន់តែរឹងមាំ ៕

To Top