ភ្នំពេញ ៖ ក្នុងមហាសន្និបាត បូកសរុបការងាររយៈពេល ២ ថ្ងៃ(៤-៥កុម្ភៈ) ក្រសួងមុខងារសាធារណៈ បានសម្រេចកំណែទម្រង់និងដាក់ទិសដៅថ្មី សម្រាប់ឆ្នាំ ២០២០ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ត។
ការបន្តអនុវត្តកិច្ចការ នៅឆ្នាំ២០២០រួមមាន៖១. ដាក់ឆ្លងសេចក្ដីព្រាងកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ឆ្នាំ២០២០-២០៣០ ជូនប្រមុខរាជរដ្ឋាភិបាលអនុម័ត ឲ្យបានក្នុងត្រីមាសទី១ ឆ្នាំ២០២០។
២. ជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រង ផ្អែកលើសមិទ្ធកម្ម ជាពិសេសការកសាង លិខិតបទដ្ឋានគតិយុត្ត ដើម្បីឲ្យក្រសួង-ស្ថាប័ន ងាយស្រួលយកទៅអនុវត្ត។
៣. ជំរុញការដាក់ឲ្យអនុវត្ត ការវាយតម្លៃអង្គភាព ផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ វាយតម្លៃអនុវិទ្យាល័យ-សាលាបឋមសិក្សា និងវិស័យសុខាភិបាល-មណ្ឌលសុខភាព ព្រមទាំងដាក់ឱ្យអនុវត្ត ការវាយតម្លៃថ្នាក់ដឹកនាំគំរូ កម្រិតអគ្គនាយកដ្ឋាន។
៤. បន្តរៀបចំដំឡើងបៀវត្សមូលដ្ឋាន នៅដើមខែមករាចំនួន ៧% នៃតម្លៃឯកតាសន្ទស្សន៍បៀវត្សមូលដ្ឋាន និងដំឡើងប្រាក់បំណាច់មុខងារ នៅខែមេសា ក្នុងរង្វង់ចាប់ពី២-៣ម៉ឺនរៀល ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
៥. ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ឲ្យកាន់តែទូលំទូលាយ អភិវឌ្ឍន៍ធនធានមនុស្ស នៅរដ្ឋបាលឯកភាពក្រុង-ស្រុក-ខណ្ឌ ជាពិសេសការបណ្ដុះបណ្ដាលមន្ត្រី ដែលទទួលបានតំណែងថ្មី និងមន្ត្រីដែលត្រៀម ក្លាយជាអ្នកដឹកនាំនៅពេលអនាគត ជាពិសេសការពង្រឹង និងពង្រីកវិសាលភាពបណ្ដុះបណ្ដាល នៅសាលាភូមិន្ទរដ្ឋបាលចំនួន ៦,០០០នាក់។
៦. បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសអាស៊ាន និងអន្តរជាតិ ព្រមទាំងចូលរួមអនុវត្ត ផែនការសកម្មអាស៊ាន និងអាស៊ានបូក៣ ដើម្បីសម្រេចបាន នូវការកសាងសហគមន៍សាធារណៈអាស៊ាន ក៏ដូចជាកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។
៧. ពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រង និងកែលម្អរបៀបរបបគ្រប់គ្រង និងចាត់ចែងការងារ ប្រកបដោយនវានុវត្តន៍ និងផ្សារភ្ជាប់ជាមួយនឹងបច្ចុប្បន្នភាព នៃបច្ចេវិទ្យាឌីជីថល។
៨. ស្វែងរកមធ្យោបាយ និងយន្តការ ដើម្បីសហការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម រវាងបច្ចេវិទ្យាព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងបៀវត្សមន្ត្រីរាជការ។
៩. បង្កើនប្រសិទ្ធភាពលើការងារ ត្រួតពិនិត្យរដ្ឋបាល បៀវត្ស និងការគ្រប់គ្រងក្របខណ្ឌមន្ត្រីរាជការស៊ីវិល ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលមានមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ជាសេនាធិការ។
១០. គ្រប់គ្រងទំហំមន្ត្រីរាជការស៊ីវិល ដោយរក្សាកំណើនមន្ត្រីរាជការ ក្នុង ៦.៥% ពីឆ្នាំ២០១៩-២០២៣ ខណៈចំនួនមន្ត្រីរាជការនៅឆ្នាំ២០១៩ មានចំនួន ២២០,១០២នាក់ ហើយនឹងកើនដល់ ២២៣,៦០២នាក់ នៅឆ្នាំ២០២០។
១១. ជំរុញការរៀបចំការងារកែទម្រង់ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ រួមមានដំណើរការយន្តការ បណ្ដុះបណ្ដាលមន្ត្រីរាជការ នៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារដ្ឋបាល ភូមិភាគគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងចរន្តឯកសារ និងគ្រប់គ្រងធនធានមនុស្ស និងការងារសវនកម្មផ្ទៃក្នុង៕