ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផល ពីកម្ពុជា តាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ នៅកម្ពុជា។
ក្រោយបញ្ចប់ពិធីចុះហត្ថលេខាកម្ពុជា-ម៉ាឡេស៊ី ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញធ្វើសន្និសីទរួមគ្នា នាថ្ងៃ២៧ មីនា សម្ដេចតេជោបានថ្លែងថា «ទន្ទឹមនឹងនេះ ខ្ញុំក៏បានស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជា តាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា សម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញម៉ាឡេស៊ី និងទីផ្សារផ្សេងៗទៀត តាមផ្លូវទឹកជញ្ជូនត្រង់ពីក្រុងព្រះសីហនុ ទៅម៉ាឡេស៊ី»។
ពាក់ព័ន្ធវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានអរគុណម៉ាឡេស៊ី បានឯកភាពគ្នា លើការលើកកម្ពស់ការបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍បន្ថែមទៀត តាមរយៈសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី និងកម្មវិធីសហប្រតិបត្តិការ ការពារជាតិម៉ាឡេស៊ី ពិសេសក្រោមគំនិតផ្ដួតផ្ដើមថ្មី របស់រដ្ឋាភិបាលម៉ាឡេស៊ី៕