កម្មករថា ការដំឡើងតិច ប្រសើរជាងមិនដំឡើង «ខ្ញុំមិនចង់បានការដំឡើងប្រាក់ឈ្នួលដែលធ្វើឱ្យបាត់បង់ការងារទេ»
ភ្នំពេញ៖ កម្មករនិយោជិតនៅកម្ពុជាបានបង្ហាញទស្សនៈថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ទោះបីជាមានចំនួនមិនច្រើនក៏ដោយ ក៏ប្រសើរជាងការ មិនមានការដំឡើង ខណៈពួកគាត់ចង់ឱ្យការដំឡើង ប្រាក់ឈ្នួលធ្វើឡើងក្នុងកម្រិតសមស្រប ដើម្បីរក្សាស្ថិរភាពការងារ និងជៀសវាងផលប៉ះពាល់ដល់ឱកាសការងាររបស់កម្មករ និងការវិនិយោគបន្ថែមមកកម្ពុជា។

លោកកាន់ ស៊ីថន ធ្វើការងារនៅក្នុងរោងចក្រមួយ នៅរាជធានីភ្នំពេញ បានលើកឡើងថា ប្រាក់ឈ្នួលគឺជាប្រភពចំណូលសំខាន់ សម្រាប់ជីវភាពប្រចាំថ្ងៃ ប៉ុន្តែការដំឡើងប្រាក់ឈ្នួលក៏ គួរតែពិចារណារួមជាមួយស្ថានភាព សេដ្ឋកិច្ច សមត្ថភាពរបស់សហគ្រាស និងលទ្ធភាពរក្សាការងារឱ្យកម្មករ បានយូរអង្វែងផងដែរ។
លោក ស៊ី ថន បាននិយាយថា៖ «បើទោះបីជាដំឡើងតិចឬក៏ច្រើន យើងក៏នៅតែអបអរសាទរព្រោះនេះ ជាលទ្ធភាពរបស់កម្ពុជា ហើយយើងមើល អ្នកជិតខាងយើងក៏មិនលើសយើងប៉ុន្មានដែរ អញ្ចឹងបើទោះបីតិចឬក៏ច្រើន យើង ទាមទារយកស្ថិរភាពការងារ និរន្តរភាពការងារវិញល្អប្រសើរជាង»។
ជាមួយនេះ កម្មករម្នាក់ទៀតគឺលោក ដិប សុភា បានលើកឡើងថា អ្វីដែលកម្មករត្រូវការ មិនមែនមានតែការដំឡើងប្រាក់ឈ្នួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការងារដែលមានស្ថិរភាព បរិយាកាសការងារល្អ និងអត្ថប្រយោជន៍ផ្សេងៗដែលអាចជួយកាត់បន្ថយបន្ទុកចំណាយក្នុងជីវភាពប្រចាំថ្ងៃ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំពាក់ព័ន្ធការដំឡើងប្រាក់ខែ យើងត្រូវគិតមើលដែរ យើងគិតមើលតើខាងថៅកែ គាត់ទៅរួចឬអត់ពេលដែលយើងទាមទារខ្ពស់ អ៊ីចឹងយើងទាមទារប្រាក់ខែមួយ ដែលសមរម្យទាំងថៅកែ គាត់ទទួលយកបានទាំងអស់គ្នា មួយទៀតយើងចង់បានប្រាក់ខែឡើង ហើយអាចរក្សាការងារ ឱ្យនៅយូរអង្វែងតទៅមុខទៀត»។
បងប្អូនកម្មករនិយោជិតបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលក្នុងកម្រិតសមស្រប អាចជួយបង្កើនប្រាក់ចំណូល និងសម្រួលជីវភាព ខណៈការរក្សាការងារឱ្យបានជាប់លាប់ គឺជាមូលដ្ឋានសម្រាប់ធានាប្រាក់ចំណូលរបស់កម្មករ និងគ្រួសារ។
មិនតែប៉ុណ្ណោះ ការមានការងារធ្វើជាប្រចាំ និងទទួលបានប្រាក់ឈ្នួលកើនឡើងតាមស្ថានភាពសេដ្ឋកិច្ច គឺជាចំណុចសំខាន់មួយក្នុងការធានាជីវភាពគ្រួសារ និងការរក្សាឱកាសការងារសម្រាប់ពេលបច្ចុប្បន្ន និងយុវជនជំនាន់ក្រោយទៀត៕
