ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកកែច្នៃ នៅក្រុងហុងកុង សំណាងណាស់ គ្មានអ្នករងរបួស

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា គ្រាប់បែកធុនតូចចំនួន០១គ្រឿង ដែលត្រូវគេកែច្នៃក្នុងស្រុក បានបំផ្ទុះឡើង នៅមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងក្រុងហុងកុង នៅថ្ងៃចន្ទនេះ បណ្តាលជម្លៀសពលរដ្ឋចេញជាបន្ទាន់ ពីអ្នកជំងឺជាច្រើន ប៉ុន្តែ មិនមាននរណាម្នាក់ រងរបួសនោះទេ ។ ប៉ូលិសបាននិយាយដូច្នេះ ។

ឧប្បត្តិហេតុនេះបានកើតឡើង ក្រោយពីក្រុមអ្នកតវ៉ាមួយក្រុម កាលពីថ្ងៃអាទិត្យ បានរៀបចំគម្រោងក្នុងការប្រមូលផ្តុំគ្នានៅឯអគារស្នាក់នៅថ្មីមួយនៅក្នុងក្រុងហុងកុង ដែលក្រុមអាជ្ញាធរ មានផែនការដើម្បីប្រើប្រាស់សម្រាប់ធ្វើការត្រួតពិនិត្យតាមដាន ខណៈដែលមានការភ័យខ្លាចដោយសារជំងឺឆ្លងបង្កឡើងដោយវីរុស កូរ៉ូណាវីរុស ដែលបានផ្ទុះឡើងនៅដែនដីសំខាន់របស់ប្រទេសចិន ។

គេបានដឹងថា ក្រុងហុងកុង មានអំពើបាតុកម្មជាច្រើនលើកច្រើនសារ នៅក្នុងរយៈពេល៧ខែមកនេះ ដែលមានបញ្ហាជាមួយក្រុងប៉េកាំង ។ ជាមួយនឹងការផ្ទុះកំហឹងយ៉ាងខ្លាំង ហើយអ្វីដែលក្រុមបាតុករមើលឃើញនោះ គឺថា មានការជ្រៀតចូលក្នុងរឿងផ្ទៃក្នុងពីក្រុងប៉េកាំង ។

គ្រាប់បែកច្នៃ ត្រូវបានគេដាក់ក្នុងបង្គន់ នៅឯមជ្ឈមណ្ឌលព្យាបាលជំងឺ នៅវេលាម៉ោង២និង៣០នាទី ម៉ោងក្នុងស្រុក ។ ប៉ូលិសបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top