ព័ត៌មានអន្តរជាតិ

លោក បៃដិន ចូលកាន់តំណែងឆ្នាំទី២ ជាមួយនឹងការធ្លាក់ចុះ ការវាយតម្លៃ និងអាទិភាពសំខាន់ៗ ដែលមិនអាចដោះស្រាយបាន

វ៉ាស៊ីនតោន ៖ សប្តាហ៍នេះ គឺ ជាខួបមួយឆ្នាំចាប់តាំងពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ចូលកាន់តំណែង ជាមួយនឹងការធ្លាក់ចុះ នៃការវាយតម្លៃ និងអាទិភាពសំខាន់ៗ ដែលមិនអាចដោះស្រាយបាន។

កាលពីមួយឆ្នាំមុន នៅពេលដែលលោក បៃដិន បាននិយាយទៅកាន់ប្រជាជាតិ ដែលបែកបាក់គ្នា ប៉ុន្មានសប្តាហ៍បន្ទាប់ពីកុប្បកម្ម របស់វិមានកាពីតូល របស់សហរដ្ឋអាមេរិកថា លោកនឹងនាំមកនូវការរួបរួមឡើងវិញ និងធ្វើ “រឿងដ៏អស្ចារ្យ” ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះបានមើលឃើញពីឧបសគ្គមួយ បន្ទាប់ពីមួយផ្សេងទៀត នៅឆ្នាំ២០២១ ជាមួយនឹងអ្វីគ្រប់យ៉ាង ពីការឆ្លើយតបដ៏មហន្តរាយ ចំពោះ ជំងឺរាតត្បាតកូវីដ-១៩ រហូតដល់វិបត្តិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងពីអតិផរណាខ្ពស់ រហូតដល់ការកើនឡើង នៃអំពើហិង្សាដោយកាំភ្លើងនៅទូទាំងប្រទេស។

លោក បៃដិន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រជែងតំណែង ប្រធានាធិបតីដ៏ខ្លាំងក្លាមួយ បានចាប់ផ្តើមអាណត្តិ របស់លោក ជាមួយនឹងអត្រា ការអនុម័ត ៥៦ភាគរយ នេះបើយោងតាមការស្ទង់មតិ ជាមធ្យមរបស់ RealClearPolitics ។ ប៉ុន្តែការវាយតម្លៃការយល់ព្រមរបស់លោក នៅក្នុងខែមករាបានធ្លាក់ចុះមកត្រឹម ៤០,៩ ភាគរយ ដែលជាចំណុចទាបបំផុត ចាប់តាំងពីលោកបានចូលកាន់តំណែង។

ជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្ត និងផលប៉ះពាល់ដ៏រញ៉េរញ៉ៃ របស់វាទៅលើសេដ្ឋកិច្ច និងសង្គម ត្រូវបានគេរាយការណ៍ថា ជាទម្ងន់ដ៏ធំបំផុតសម្រាប់រដ្ឋបាលរបស់លោក បៃសិន ។

ទោះបីជាលោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ការទប់ទល់នឹងការរីករាលដាលនៃមេរោគ គឺជាអាទិភាពមួយ ក្នុងចំនោមអាទិភាពរបស់លោក ប៉ុន្តែប្រទេសនេះនៅតែញាំញី ដោយករណីកើនឡើង ដែលជាប្រភពនៃការខកចិត្ត សម្រាប់ប្រធានាធិបតី ។

គិតត្រឹមថ្ងៃពុធនេះ ករណីឆ្លងជំងឺកូវីដ-១៩ មានច្រើនជាង ៦៨លានករណី ត្រូវបានរាយការណ៍នៅទូទាំង សហរដ្ឋអាមេរិក ប្រហែល ១ភាគ៥ នៃចំនួនប្រជាជនអាមេរិក នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ៕

ដោយ ឈូក បូរ៉ា

To Top