ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ស្នើឲ្យជប៉ុនបញ្ជូនក្រុមជំនាញការ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស្វកម្មសំណង់

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យជប៉ុន ពិនិត្យពិចារណាបញ្ជូនក្រុមជំនាញការរបស់ខ្លួន ដើម្បីជួយ បណ្ដុះបណ្ដាលធនធានមនុស្ស ទៅលើវិស្វកម្មសំណង់នៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក NAKANE Kazuyuki សមាជិកសភាជប៉ុន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា សព្វថ្ងៃនេះមាននិស្សិតកម្ពុជាត្រឹមតែ ៣,៤ ភាគរយប៉ុណ្ណោះ ដែលសិក្សាជំនាញវិស្វកម្មសំណង់ នៅតាមសាកលវិទ្យាល័យនានា។

លោកមានប្រសាសន៍ថា “ស្នើឲ្យភាគីជប៉ុនពិនិត្យពិចារណាបញ្ជូនក្រុមជំនាញការរបស់ខ្លួនដើម្បីជួយ បណ្ដុះបណ្ដាលធនធានមនុស្សលើវិស្វកម្មសំណង់ ដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីក្រសួងលើការ កសាងស្ពានថ្នល់ប្រកបដោយគុណភាព”។

លោក ក៏បានថ្លែងអំណរគុណ ចំពោះភាគី ជប៉ុន និងប្រជាជនជប៉ុនដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ជាការឆ្លើយតប លោក NAKANE បានកត់សម្គាល់ និងទទួលយកលើសំណើទាំងឡាយ ដែល រដ្ឋមន្ត្រី សាធារណការ បានស្នើឡេីងដើម្បីពិនិត្យពិចារណា និងឆ្លើយតបប្រកបដោយភាពវិជ្ជមាន។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីសាធារណការ រៀបរាប់ថា ក្រសួងកំពុងធ្វើការជាមួយទីភ្នាក់ងារ JICA ដើម្បីសម្រប សម្រួលរវាងកម្ពុជានិងភាគីថៃទាក់ទងនឹងការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ស្ពានស្ទឹងបត់)ជា បណ្ដោះអាសន្នដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាប់ព្រំដែនថៃ ខណៈកំពុង រង់ចាំការបញ្ចប់ការសាងសង់អគាររដ្ឋបាល៕ដោយ អេង ប៊ូឆេង

To Top