ព័ត៌មានជាតិ

អាជ្ញាធរ​អគ្គិសនី​ប្រាប់អតិថិជន កុំបង់ ឬផ្ទេរប្រាក់ បើសិនមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលបន្លំខ្លួនជាមន្ដ្រីអគ្គិសនី

ភ្នំពេញ ៖ អាជ្ញាធរ​អគ្គិសនីកម្ពុជាអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណទំនាក់ទំនង ឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់ កុំបង់ប្រាក់ឲ្យសោះ ព្រោះមានជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់​អាជ្ញាធរ​អគ្គិសនីកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា ទទួលព័ត៌មានជាបន្តបន្ទាប់ពីអគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីឯកជន ថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឬជាបុគ្គលិករបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន នៅតាមតំបន់មួយចំនួន បានឆបោកអ្នកប្រើប្រាស់អគ្គិសនីតាមទូរស័ព្ទ តាមបណ្តាញទំនាក់ទំនងសង្គម ឬតាមមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ តាមរយៈវីង ឬតាមមធ្យោបាយនានា សម្រាប់ការបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ឬថ្លៃប្ដូរនាឡិកាស្ទង់ (កុងទ័រ) ប្តូរឌីស្យុងទ័រ ឬប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាក ការផ្គត់ផ្គង់ចរន្ត ឬការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា «សូមអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណទំនាក់ទំនងទៅឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់ឲ្យ ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ សូមមេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ឲ្យបុគ្គលនោះឲ្យសោះ ហើយត្រូវជូនដំណឹងទៅអគ្គិសនីកម្ពុជា (EDC) ឬអ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន ដែលទទួលបន្ទុកផ្គត់ផ្គង់អគ្គិសនីនៅតំបន់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់»។

ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងទៀតថា រាល់ការបង់ប្រាក់ថ្លៃប្រើប្រាស់អគ្គិសនី ឬបង់ប្រាក់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ និងមានបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ឬរបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន បើពុំមានឯកសារទាំងនោះទេ សូមមេត្តាកុំបង់ប្រាក់ឱ្យសោះ៕

To Top