ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ យើងចូលរួមទាំងអស់គ្នា ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ទាំងអស់គ្នាត្រូវចូលរួម ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា និង ទូទាំងពិភពលោក សម្រាប់អ្នកជំនាន់បន្ទាប់ និងថ្ងៃអនាគត ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ ក្នុងពិធីអបអរសាទរទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» នៅថ្ងៃទីទី២៤ ខែមីនា ឆ្នាំ២០២៦ សាស្រ្តាចារ្យ ឈាង រ៉ា បញ្ជាក់ថា ការប្រារព្ធទិវានេះក្នុងគោលបំណង បន្តជំរុញការលើកកម្ពស់សុខភាព ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង បន្ថែមពីជំងឺរបេង ។
លោកថា ជាពិសេសត្រូវរួមគ្នា ក្នុងការប្រយុទ្ធនឹងជំងឺរបេង និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីបញ្ហា ផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» ដែលក្រសួងសុខាភិបាលបាននិងកំពុងអនុវត្ត។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ មួយចំនួន សម្រាប់ជាការងារអាទិភាពថា ត្រូវខិតខំសម្រេចឱ្យបាន ការកាត់បន្ថយអត្រានៃការរីករាលដាលជំងឺរបេង ស្របតាមយុទ្ធសាស្រ្តជាតិ , ការផ្តល់ការព្យាបាលកម្រិតខ្ពស់ និងជោគជ័យ សម្រាប់អ្នកជំងឺករណីថ្មី និង ករណីលាប់ , បង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ តាមរយៈការពង្រឹងកិច្ច សហការជាមួយដៃគូឯកជន , ពង្រីកបន្ថែមមន្ទីរពិសោធន៍ទំនើប សម្រាប់ការធ្វើតេស្តដំបូងនៅទូទាំងប្រទេស , បន្តអនុវត្តវិធីសាស្រ្តស្វែងរកក្រុមជនងាយរងគ្រោះ និងការរើសអើង និងធ្វើឱ្យសេវាសុខាភិបាលទៅដល់ពលរដ្ឋផ្ទាល់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ២៤ មីនា ២០២៦ ដើម្បីរួមចំណែកឱ្យការងារកំចាត់ រោគរបេងនេះទទួលបានជោគជ័យ និងបង្ហាញពីការគាំទ្រយ៉ាង ពេញទំហឹងដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា ដ៏ដូចជាទូទាំងសកលលោក៕

To Top